Labels

Home

Saturday, October 29, 2011

រោគ​សញ្ញា​ជំងឺ​បេះដូង​ ១២​ចំនុច​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ ​

នេះ​គឺជា​រោគ​សញ្ញា​ចំនួន​ ១២​ ដែល​ប្រហែលជា​បង្ហាញ​ថា​អ្នកមាន​បញ្ហា​បេះដូង
១,​ ថប់​អារម្មណ៍

ការ​គាំងបេះដូង​អាច​ធ្វើ​អោយ​អ្នក​ថប់​អារម្មណ៍​កាន់តែ​ខ្លាំង​ ឬ​ខ្លាច​ការ​ស្លាប់​។​ អ្នក​ដែល​មានជីវិត​ពី​ជំងឺ​គាំងបេះដូង​ច្រើន​តែ​និយាយ​អំពី​វិញ្ញាណ​មួយ​ដែល ​អោយ​ពួក​គេ​ដឹង​ “​សេចក្តីស្លាប់​បំរុង​នឹង​កើត​មាន​ហើយ​”​។​
២,​ មិន​ស្រួល​ក្នុង​ដើមទ្រូង
វេជ្ជបណ្ឌិត​ ជេន​ ស៊ី​ ម៉ា​ខ​ស្វី​ន​ណេ​ (C.​ McSweeney)​នាយករង​ខាង​ការ​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​អា​ខេន​សាស​ (Arkansas)​ និយាយ​ថា​ ការ​ឈឺ​នៅ​ក្នុង​ដើមទ្រូង​គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​គាំងបេះដូង​ ហើយ​ “​វា​ក៏​ជា​រោគ​សញ្ញា​លេខ​មួយ​ដែរ​ ដែល​យើង​តែងតែ​ជួប​ប្រទះ​”​។​ ប៉ុន្តែ​មិនមែន​អោយ​តែ​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​ធ្វើ​អោយ​ឈឺ​ដើមទ្រូង​ ទាំងអស់​គ្នា​នោះ​ទេ​ ហើយ​ការ​ឈឺទ្រូង​នេះ​អាច​បណ្តាល​មក​ពី​ដើមហេតុ​នៃ​ជំងឺ​ណាមួយ​ដែរ​ ដែល​វា​គ្មាន​អ្វី​ទាក់ទង​សោះ​ជាមួយ​បេះដូង​។​
ការ​ឈឺទ្រូង​ដែល​ទាក់ទង​នឹង​បញ្ហា​បេះដូង​គឺ​ច្រើន​តែ​កើតឡើង​នៅ​ចំ​កណ្តាល​ និង​ខាង​ឆ្អឹងជំនី​របស់​សុដន់​ ហើយ​ប្រហែលជា​នៅ​ខាងឆ្វេង​បន្តិច​។​ ការ​ឈឺចាប់​អាច​មាន​សភាព​ដូច​ជា​មាន​ដំរី​មួយ​ក្បាល​កំពុង​អង្គុយ​លើ​ ដើមទ្រូង​របស់​អ្នក​អ​ញ្ចឹ​ង​ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​មាន​អ្វីមួយ​រឹត​ ឬ​ណែន​ក្នុង​ទ្រូង​ ដែល​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍មិនល្អ​។​ អ្នកស្រី​ម៉ា​ខ​ស្វី​ន​ណេ​និយាយ​ថា​ “​វា​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ក្នុង​ការ​ពិពណ៌នា​អំពី​ការ​ឈឺចាប់ ​នោះ​ថា​គ្រាន់តែ​ការ​ឈឺ​។​ ស្ត្រី​មួយ​ចំនួន​អាច​និយាយ​ថា​ ការ​ឈឺចាប់​ក៏​អាច​ធូ​ស្រាល​ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​ទី​ឡា​ណុ​ល​ (Tylenol)​ ។​
ស្ត្រី​ច្រើន​ជាង​បុរស​ក្នុង​ការ​ជួប​ប្រទះ​ការ​ក្រហាយ​ក្នុង​ដើមទ្រូង​ដែរ​ ជា​ជាង​ការ​ទទួល​អារម្មណ៍​មាន​អ្វី​មក​សង្កត់​ទ្រូង​ឬ​ឈឺចាប់​ក្នុង​ទ្រូង​ ទៅ​ទៀត​។​ វេជ្ជបណ្ឌិត​ ណេ​កា​ ហ្គោ​ល​បឺ​ក​ (Nieca​ Goldberg,​ MD)​ សាស្ត្រាចារ្យ​ខាង​ផ្នែក​រោគ​សញ្ញា​វេជ្ជសាស្ត្រ​នៅ​ឯ​មជ្ឈមណ្ឌល​ វេជ្ជសាស្ត្រ​ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ និង​ជា​អ្នកឯកទេស​ខាង​រោគ​សញ្ញា​ជំងឺ​បេះដូង​ស្ត្រី​ និយាយ​ថា​ “​ពេល​ខ្លះ​ប្រជាជន​មានការ​ភាន់ច្រឡំ​ថា​ ការ​ឈឺចាប់​នេះ​កើតមក​ពី​បញ្ហា​របស់​ក្រពះ​ទៅ​វិញ​”​។
៣,​ ក្អក

ការ​ក្អក​ ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច​ជាប់​រហូត​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺខ្សោយបេះដូង​ ដោយសារ​តែ​មានទឹក​ចាល់​ច្រើន​នៅ​ក្នុង​សួត​។​ ករណី​ខ្លះ​ អ្នក​ដែល​មាន​ជំងឺខ្សោយបេះដូង​អាច​ក្អកមាន​ស្លេស​ និង​ឈាម​មក​ជាមួយ​គ្នា​។​
៤,​ វិលមុខ

ជំងឺ​គាំងបេះដូង​អាច​ធ្វើ​អោយ​អ្នក​វិលមុខ​តិចៗ​ និង​បាត់បង់​ស្មារតី​។​ ដូច្នេះ​វា​អាច​ធ្វើ​អោយ​មាន​ភាព​មិនធម្មតា​នៃ​ចង្វាក់បេះដូង​ដែល​ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង​។​
៥,​ អស់កម្លាំង

ជា​ពិសេស​ក្នុង​ចំនោម​នុស្ស​ស្រី​ ការ​អស់កម្លាំង​ខុស​ពី​ធម្មតា​អាច​កើតឡើង​ក្នុង​ពេល​គាំងបេះដូង​ ព្រមទាំង​កើត​ឡើងជា​ច្រើន​ថ្ងៃ​រហូត​ដល់​ច្រើន​ស​ប្តា​ហ៍​។​ ការ​មាន​អារម្មណ៍​ថា​អស់កម្លាំង​គ្រប់ពេល​ដូច្នេះ​ប្រហែលជា​សញ្ញា​នៃ​ ជំងឺខ្សោយបេះដូង​។​
ជា​ការ​ពិត​ណាស់​ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​អស់កម្លាំង​ដោយសារ​ហេតុ​ផ្សេងៗ​ទៀត​ដែរ​។​ អ្នក​អាច​ប្រាប់​បាន​ទេ​ថា​តើ​ការ​អស់កម្លាំង​ដោយសារ​ជំងឺ​បេះដូង​ ខុស​គ្នា​នឹង​ការ​អស់កម្លាំង​ផ្សេងៗ​ទៀត​ដូច​ម្តេចទៅ​?
អ្នកស្រី​ហ្គោ​ល​បឺ​ក​និយាយ​ថា​ “​ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍ល្អ​ទេ​ ហើយ​អោយ​តែ​មាន​ខ្យល់​អាច​ដូច​ជា​ធ្វើ​អោយ​អ្នក​រលំ​បាន​ មិន​ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ​ ឬ​មូលហេតុ​តាម​អ៊ី​ន​ធើ​ណែ​ត​ ឬ​ក្នុង​សៀវភៅ​ទេ​។​ ការ​ដែល​ចំនាយ​ពេលវេលា​ឥតប្រយោជន៍​គឺជា​ប្រការ​មួយ​បណ្តាល​អោយ​គ្រោះថ្នាក់​ បាន​”​។​
៦,​ ចង្អោ​ ឬ​មិនសូវ​ឃ្លាន

វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​មនុស្ស​ខ្លះ​ហាក់ដូចជា​មាន​អារ​ម្មណ៍ឈឺក្រពះ​ទៅ ​វិញ​នៅ​ពេល​មាន​គាំងបេះដូង​។​ ការ​ហើមពោះ​ខុស​ពី​ធម្មតា​ដែល​ទាក់ទង​នឹង​ការ​ខ្សោយបេះដូង​អាច​ប៉ះពាល់​ដល់​ ចំណង​អាហារ​។
៧,​ ឈឺ​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ

ជំងឺ​គាំងបេះដូង​ជា​ច្រើន​ ការ​ឈឺចាប់​គឺ​ផ្តើម​នៅ​ក្នុង​ទ្រូង​ និង​រាលដាល​ទៅ​ស្មា​ ដៃ​ កែងដៃ​ ខ្នង​ ក​ ថ្គាម​ ឬ​ពោះ​ទៀត​ ។​ ប៉ុន្តែ​ពេល​ខ្លះ​មិន​មានការ​ឈឺ​នៅ​ក្នុង​ទ្រូង​ទេ​ ដោយ​គ្រាន់តែ​ឈឺ​នៅ​កន្លែង​ផ្សេង​ទៅ​វិញ​ ហើយ​ការ​ឈឺចាប់​នោះ​អាច​មាន​បាត់ៗ​។​
មនុស្ស​ប្រុស​មាន​ជំងឺ​គាំងបេះដូង​ច្រើន​តែ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ដៃ​ ខាងឆ្វេង​។​ ចំនែក​មនុស្ស​ស្រី​វិញ​ ការ​ឈឺចាប់​ទំនង​ច្រើន​កើត​លើ​ដៃ​ទាំង​សងខាង​ ឬ​ឆ្អឹងស្លាបប្រចៀវ​។​
៨,​ ជីពចរ​ដើរ​ញាប់​ ឬ​ដើរ​មិន​ទៀងទាត់
គ្រូពេទ្យ​និយាយ​ថា​ វា​មិនមែន​ជា​ការ​បារម្ភ​អំពី​បេះដូង​ទេ​កាលបើ​បេះដូង​មិន​លោត​ម្តងម្កាល​។​ ប៉ុន្តែ​ការ​ដែល​មាន​ជីពចរ​ដើរ​ញាប់​ ឬ​ដើរ​មិន​ទៀងទាត់​ ជា​ពិសេស​នៅ​ពេល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អស់កម្លាំង​ វិលមុខ​ ឬ​ពិបាក​ដកដង្ហើម​ អាច​ជា​អំណះអំណាង​មួយ​បញ្ជាក់​ថា​មាន​ជំងឺ​គាំងបេះដូង​ ខ្សោយបេះដូង​ ឬ​បេះដូង​ដើរ​មិន​ប្រក្រតី​។​ ការ​ដែល​មិន​បាន​ព្យាបាល​ បេះដូង​ដើរ​មិន​ប្រក្រតី​ខ្លះ​អាច​ធ្វើ​អោយ​កើតជា​ជំងឺ​ដាច់​សរសៃឈាម​ ខួរក្បាល​ ខ្សោយបេះដូង​ ឬ​ស្លាប់​ភ្លាមៗ​។​
៩,​ ពិបាក​ដកដង្ហើម

មនុស្ស​ដែល​មាន​អារម្មណ៍​ថា​ ថប់ៗ​ពេល​សម្រាក​ ឬ​ដកដង្ហើម​ចេញ​តិចៗ​ប្រហែលជា​អាច​មាន​បញ្ហា​ ក្នុង​សួត​ ដូច​ជា​ជំងឺហឺត​ ឬ​ជំងឺ​សួត​ដោយ​មានការ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ (Chronic​ Obstructive​ Pulmonary​ Disease,​ COPD)​។​ ប៉ុន្តែ​ការ​ពិបាក​ដកដង្ហើម​ក៏​អាច​បញ្ជាក់​បាន​ថា​មាន​ជំងឺ​គាំងបេះដូង​ ឬ​ខ្សោយបេះដូង​ដែរ​។​
អ្នកស្រី​ហ្គោ​ល​បឺ​ក​និយាយ​ថា​ “​ពេល​ខ្លះ​អ្នកជំងឺ​គាំងបេះដូង​មិន​មានការ​តឹង​ ឬ​ឈឺចាប់​ក្នុង​ទ្រូង​ទេ​ ប៉ុន្តែ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​ខ្លាំង​ទៅ​វិញ​។​ សភាព​នៃ​ការ​ដកដង្ហើម​របស់​ពួក​គេ​មាន​លក្ខណៈ​ដូច​ជា​ទើបតែ​រត់​កីឡា​ម៉ា​ រ៉ា​តុង​ហើយ​អ​ញ្ចឹ​ង​ទោះបីជា​ពួក​គេ​មិន​ធ្វើ​ចលនា​អី​ក៏​ដោយ​”​។​ ក្នុង​ពេល​គាំងបេះដូង​ ការ​ពិបាក​ដកដង្ហើម​ច្រើន​តែ​មាន​ជាប់​ទាក់ទង​នឹង​ការ​មិន​ស្រួល​ក្នុង​ ទ្រូង​ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​មុន​ ឬ​មិន​មានការ​មិន​ស្រួល​ក្នុង​ទ្រូង​ដែរ​។​
១០,​ បែកញើស
ការ​ដែល​បែកញើស​ត្រជាក់​គឺជា​សញ្ញា​ចំបង​មួយ​នៃ​ជំងឺ​គាំងបេះដូង​។​ លោក​ហ្វា​យ​ (Frid)​ និយាយ​ថា​ “​អ្នក​ប្រហែលជា​អាច​គ្រាន់តែ​អង្គុយ​នៅ​លើ​កៅអី​ធម្មតា​ប៉ុណ្ណោះ​ក៏​ធ្វើ​ អោយ​អ្នក​ចេញ​ញើស​ច្រើន​ដូច​ពេល​ដែល​អ្នកធ្វើការ​ខ្លាំង​អ​ញ្ចឹ​ង​”​។
១១,​ ហើម

ជំងឺខ្សោយបេះដូង​អាច​ធ្វើ​អោយ​ទឹក​ចាល់​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ ករណី​នេះ​អាច​ធ្វើ​អោយ​អ្នក​ហើម​ នៅ​ប្រអប់ជើង​ កជើង​ ជើង​ទាំងមូល​ ឬ​ពោះ​ ព្រមទាំង​ឡើង​ទម្ងន់​ភ្លាមៗ​ ហើយ​ពេល​ខ្លះ​ទៀត​លែង​ឃ្លាន​អាហារ​ទៀត​ផង​។
១២,​ ខ្សោយ

ក្នុង​ថ្ងៃ​ដែល​ធ្វើ​អោយ​មាន​ជំងឺ​គាំងបេះដូង​ មនុស្ស​មួយ​ចំនួន​ធ្លាប់​មាន​អារម្មណ៍​ថា​ អស់កម្លាំង​ខ្លាំង​ ឬ​អស់កម្លាំង​ដោយ​មិនដឹង​មូលហេតុ​។​ អ្នកស្រី​ម៉ា​ខ​ស្វី​ន​ណេ​និយាយ​ថា​ “​ស្ត្រី​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា​ ការ​អស់កម្លាំង​នោះ​ធ្វើ​អោយ​គាត់​មិន​អាច​កាន់​សូ​ម្បី​តែ​ក្រដាស់​មួយ​ សន្លឹក​ផង​”​។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន

Sunday, August 7, 2011

Saturday, August 6, 2011